សម្តេច ហ៊ុន សែន៖ នៅក្នុងអាណត្តិទី៥ នៃព្រឹទ្ធសភានេះ ​នឹងផ្ដោតអាទិភាពសំខាន់ទៅលើកិច្ចការងារបរទេស

ក្នុង​ជំនួបនៅវិមានព្រឹទ្ធសភា នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នេះ សម្ដេចតេជោ ហ៊ុន សែន ប្រ​ធានព្រឹទ្ធសភា បានអនុញ្ញាតឲ្យលោកស្រី ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណៈរ​ដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ។

ក្នុង​ជំនួបនោះ សម្ដេចតេជោបានលើកឡើងថា ការផ្លាស់ប្ដូរថ្នាក់ដឹកនាំបន្តវេនក្នុងរយៈពេល៨ខែកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានដំណើរការល្អប្រសើរ មានស្ថិររភាព កំណើនសេដ្ឋកិច្ចល្អប្រសើរ និងអតិផរណាស្ថិតនៅក្នុងស្ថា​នភាពដែលអាចគ្រប់គ្រងបាន។

សម្ដេចតេជោ បានមានប្រសាសន៍ថា ៖ «នៅក្នុងអាណត្តិទី៥ នៃព្រឹទ្ធសភានេះ សម្តេចនឹងផ្ដោតអ​ទិភាពសំខាន់ទៅលើកិច្ចការងារបរទេស។ ទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគីវិញ សម្ដេចតេ​ជោបានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរបស់យើងគឺនៅតូចនៅឡើយ ដែលពុំទាន់សក្តិសមទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាន»។

ជាមួយគ្នានោះដែរ សម្តេចជឿជាក់ថាគោលដៅ ១ពាន់លានដុល្លារនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវា​ងទាំងពីរអាចសម្រេចបាននាពេលខាងមុខ។ ឆ្នាំនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរ​វាងប្រទេសទាំងពីរ ​សម្ដេចតេជោក៏បានបញ្ជាក់ដែរថា ស្ថាប័នទាំងពីរគួរតែមានកម្មវិធីឱ្យច្រើនដើម្បីរំលឹកខួបទំនាក់ទំនងនេះ។

ទាក់ទងទៅនឹងការហោះហើរត្រង់ពីតួកគីមកកម្ពុជា សម្ដេចតេជោបានមានប្រសាសន៍ថា វានឹងអាចធ្វើឲ្យទេសចរណ៍ពីប្រទេសជិតខាងតួកគី យកប្រទេសទួគីជាកន្លែងចាប់ផ្ដើមធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកម្ពុជាផងដែរ។

ឆ្លៀត​ឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែនក៏​បានស្នើ​អញ្ជើញប្រធានសភាតួកគី មកចូលរួ​មវេ​ទិកាអន្តរសភាដើម្បីការអត់ឱនសន្តិភាព និងមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិគ​ណបក្សនយោបាយអាស៊ី (ICAPP) ដែលកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២​០២៤ខាងមុខ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញធ្វើជាធិបតី និងដឹកនាំកិច្ចប្រជុំនៃមហាសន្និបាតនេះ ហើយសម្ដេចតេជោ នឹងត្រូវបានអញ្ជើញធ្វើជាប្រធានកិត្តិយស នៅក្នុងកិច្ចប្រជុំនោះផងដែរ។

ក្នុងជំនួបនោះ លោកស្រី ÜLKÜ KOCAEFE ​បានសម្តែងនូវការចូលរួមរំលែកទុក្ខចំពោះឧបទ្ទវហេ​តុ ដែលបានកើតឡើងកាលពីចុងសប្តាហ៍ថ្មីៗនេះ ដែលធ្វើឲ្យមានការបាត់បង់យោធិនរបស់កម្ពុជាមួយចំនួន។ ​

លោកស្រី​បានសម្ដែងនូវក្តីរីករាយ និងមានមោទនភាព ដោយឃើញទំនាក់ទំនងរវាងកម្ពុជា និងតួកគី មានការរីកចម្រើនជាលំដាប់ ក្នុងនោះ​មានការបើកការិយាល័យពាណិជ្ជកម្ម ថ្វីត្បិតតែទំហំពាណិជ្ជកម្មមានទំហំតូច ក៏ប៉ុន្តែប្រទេសទាំងពីរបានឯកភាពគ្នា ក្នុងការជំរុញទំហំពាណិជ្ជកម្មនេះ​ ឲ្យកើនដល់១ពាន់លានដុល្លារផងដែរនាពេលខាងមុខទំនាក់ទំនងកាន់តែច្រើនឡើងរវាងប្រ​ជាជននិងប្រជាជន។

លោកស្រី​បានមានប្រសាសន៍បន្ថែមទៀតថា ៖ «ក្រុមហ៊ុនអាកាសចរណ៍តួកគី គ្រោងនឹងពង្រីកកា​រហោះហើរមកកម្ពុជានាពេលខាងមុខ ហើយសង្ឃឹមថា ការភ្ជាប់ទំនាក់ទំនងនេះ នឹងធ្វើឲ្យទំ​នាក់ទំនងរវាងប្រជាជន និងប្រជាជន ទេសចរណ៍មានការកើនឡើងបន្ថែមទៀត»។ ​​

ក្រៅពីទំនាក់ទំនងទ្វេភាគីនេះដែរ​ សម្ដេចតេជោ និងលោកស្រីឯកគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា ក៏​បានពិគ្រោះពិភាក្សាគ្នាផងដែរ ទៅលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូ​ចគ្នា ជាពិសេស សភាពការណ៍នៃសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន និងសភាពការណ៍នៅមជ្ឈិមបូព៌ាផងដែរ៕

Daily Program

Livesteam thumbnail