យុវជនឆ្នាំនេះចាប់អារម្មណ៍ខ្លាំងលើពិធីបុណ្យចូលឆ្នាំថ្មី

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ កម្ពុជានឹងចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្លួន យុវជននិងយុវនារីជាច្រើនចាប់អារម្មណ៍លើការរៀបចំ ពិធីនេះនៅតាមភូមិស្រុករបស់ខ្លួន និងមានយុវជនយុវនារីមួយចំនួនផ្សេងៗទៀត បានរៀបចំកម្មវិធីផ្សេងៗទៅតាមទំនៀមទម្លាប់ប្រពៃណី ដោយចំណាយថវិកាផ្ទាល់ខ្លួនក្នុងការរៀបចំ។

សង្ក្រាន្តភូមិតានន ឆ្នាំថ្មីនេះ មានកម្មវិធីជាច្រើន ដូចជា ក្រុងពាលី និមន្តព្រះសង្ឃចំរើនព្រះបរិទ្ធ កម្មវិធីទទួលទេវតាឆ្នាំថ្មី ពិសារអាហារសាមគ្គី និងលេងល្បែងប្រជាប្រិយខ្មែរគ្រប់ប្រភេទ និងរាំលេងកម្សាន្តចង្វាក់ប្រពៃណីជាតិខ្មែរផងដែរ។ ជាពិសេស គណៈកម្មសង្ក្រាន្តភូមិតានន នឹងបញ្ចូលកម្មវិធីសប្បាយៗជាច្រើនទៀតដែលបង្ហាញពី វប្បធម៌ និងល្បែងប្រជាប្រជាប្រិយដូចជាវាយក្អមយករង្វាន់ និងការសម្តែងរឿងខ្លី រាំលេងចង្វាក់ខ្មែរជាក្រុមជាដើម។

លោក ចំរើន រិទ្ធី អ្នកដឹកនាំរៀបចំសង្ក្រាន្ដនេះ និយាយថា កម្មវិធីសង្ក្រាន្តភូមិតានន នឹងកាន់តែសប្បាយរីករាយ និងមានកន្លែងថតរូបជាច្រើន ដែលបានបែងចែកកម្មវិធីកម្សាន្ត និងលេងល្បែងប្រជាប្រិយជាច្រើន។ នៅក្នុងនោះ មានការតែងលម្អតំបន់ធំៗ៤ រួមមាន តំបន់រាំវង់ តំបន់ល្បែងប្រជាប្រិយ តំបន់ត្រជាក់ចិត្ត តំបន់សង្ក្រាន្តអនុស្សាវរីយ៍ជាដើម ដើម្បីអោយពលរដ្ឋជិតឆ្ងាយចូលរួមសប្បាយក្នុងន័យលើកតម្កើងវប្បធម៌ សប្បាយដោយការគោរព មានក្រមសីលធម៌ និងសេចក្តីថ្លៃថ្នូរ។

តាមរយ: បណ្តាញសង្គមផ្លូវការផ្ទាល់ខ្លួន របស់លោក ចំរើន រិទ្ធី បានលើកឡើងថា ការផ្តួចផ្តើមធ្វើសង្ក្រាន្តភូមិតានននេះឡើង គឺដើម្បីជំរុញឱ្យយុវជន ជំនាន់ក្រោយ លេងល្បែងប្រជាប្រិយខ្មែរ រាំលេងចង្វាក់ប្រពៃណីខ្មែរ និងបន្តចូលរួមអភិរក្ស ថែរក្សា ការពារ វប្បធម៌ ទំនៀមទំលាប់ប្រពៃណីរបស់ដូនតាខ្មែរ ឲ្យបានគង់វង្ស៕

Daily Program

Livesteam thumbnail