ទំព័រដើម


ការបង្កើនចំនួនស្រ្តី ឈរលេខរៀងទី១ បានច្រើនជាងមុន សម្រាប់គណបក្សនយោបាយ

  • 2017-03-09

ស្តាប់សម្លេង

ទាញយក

ខណៈដែលគណបក្សនយោបាយនានា មមាញឹកនៅក្នុងការរៀបចំបញ្ជីឈ្មោះបេក្ខជន បេក្ខនារី សម្រាប់ការឈរឈ្មោះសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងធ្វើជាសមាជិក ក្នុងក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខ យើងមើលឃើញថា គណបក្សនយោបាយធំៗពីរ ដែល ជាប់ឆ្នោត ប្រកាសថា នឹងបង្កើនចំនួនស្រ្តីឲ្យបានច្រើនជាងមុន ក្នុងពេលបោះឆ្នោតខាងមុខនេះ ។ ថ្វីត្បិតតែចំនួននេះ យើងមើលឃើញថា ចំនួនស្រ្តី ដែលបានចូលរួមសកម្មភាពសង្គម នៅក្នុង វិស័យនយោបាយ ទាំងនៅពេលមុនមានចំនួនតិចក្តី ក៏នឹងកើនឡើងនាពេលខាងមុខ ។

ដោយឡែកសម្រាប់គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចក៏បានសន្យាថា នឹងតែងតាំង ស្រ្តីយ៉ាងហោចណាស់ឲ្យបានម្នាក់ ធ្វើជាអភិបាល នៅក្នុងចំណោមរាជធានី និងខេត្តទាំង២៥  ខណៈ គណបក្សប្រឆាំងបានអះអាងថា នឹងដាក់បញ្ចូលបេក្ខជន ជាស្ត្រីចំនួនជាង៩០រូប ឈរឈ្មោះជាមេឃុំ ចៅសង្កាត់ គឺស្ថិតនៅលេខរៀងទី១ សម្រាប់ការបោះឆ្នោតនេះផងដែរ។

បើតាមការលើកឡើង គឺនៅក្នុងទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា លោក ហ៊ុន សែន បានថ្លែងថា នៅពេល អភិបាលខេត្តចូលនិវត្តន៍ ឬក៏មានការផ្លាស់ប្តូរណាមួយ គឺអាចដាក់ស្ត្រីម្នាក់ ឬក៏អាចលើសពីនេះ កាន់ តែល្អ ឲ្យឡើងធ្វើជាអភិបាលខេត្ត ដែលបច្ចុប្បន្នមានស្រ្តីម្នាក់ជាអភិបាលរងស្រេចទៅហើយ។

លោកនាយករដ្ឋមន្ត្រី ក៏បានសន្យាចាត់តាំងស្ត្រី ចូលក្នុងវិស័យកងទ័ព និងកងរាជអាវុធហត្ថឲ្យបាន កាន់តែច្រើនផងដែរ។

អ្នក​នាំពាក្យ​​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​លោក សួស យ៉ារ៉ា មិន​បាន​ផ្តល់​ចំនួន​ជាក់​លាក់​​ណា មួយនៃ​បេក្ខជន ជាស្ត្រី ដែលត្រូវឈរ​ឈ្មោះ​​ជាមេឃុំ​ ចៅ​​សង្កាត់ ​​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ ​​ដោយលោកគ្រាន់​តែ​បញ្ជាក់​ថា ​គណបក្ស​ប្រជាជន​ មាន​​បេក្ខនារី​ជាង​ ២៥ ​ភាគរយ​ឈរ​ឈ្មោះ​ជា​មេឃុំ​ ចៅ​សង្កាត់​ សម្រាប់ការបោះឆ្នោតនេះ។ ​

លោក សួស យ៉ារ៉ា បន្ត​ថា​៖ «​​ចំនួនជាង​ ២៥ ​ភាគរយ​​ គឺជា​គោលដៅ​របស់​​យើង​។ ​នៅក្នុង​ដំណាក់កាល​ដែល​យើង​ដើរ​មួយ​ជំហានៗ​ វា​ជា​ដំណើរ​វិវត្ត​ល្អ​ ។ ​យើង​ហៅ​ថា ​ជា​ជំហាន​វិជ្ជមាន​»។

លោកស្រី កេត្យា វលក្ខណ៍ ទីប្រឹក្សា​ចលនា​ស្រ្តី ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​​នៅក្នុងកម្មវិធីអបអរទិវាសិទ្ធិនារីរបស់គណបក្សសង្រ្គោះជាតិ បានថ្លែងថា ​គណបក្ស​សង្គ្រោះ​ជាតិ​​មាន​ស្រ្តី​ចំនួន ​៩០ រូប​ ដែល​បានឈរ​ឈ្មោះ​​ជា​បេក្ខនារី នៅក្នុងលេខរឿងទី១ ​​សម្រាប់​មេឃុំ​សង្កាត់​​នៅ​ក្នុង​ការ​បោះឆ្នោត​​ឃុំ​សង្កាត់​ថ្ងៃ​ទី​ ៤ ខែ​មិថុនា។ ​

លោកស្រី​បាន​ថ្លែង​ថា ​ផ្អែក​តាម​ចំនួន​នេះ​ប្រសិន​បើ​ប្រៀបធៀប​​ទៅ​នឹង​​ការ​បោះឆ្នោត​ឃុំ​ សង្កាត់​​អាណត្តិ​មុន​​ទាំង​គណបក្ស​ សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស ​មាន​ស្រ្តី​ឈរ​​ឈ្មោះ​សម្រាប់​មេឃុំ​ចៅ​សង្កាត់​​តិច​ជាង​ ១០ ​នាក់​ ហើយ​​ចលនា​​ស្រ្តី​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជំរុញ​ និង​ពង្រឹង​លទ្ធភាព​ស្រ្តី​ឲ្យ​ខ្លាំង​ជាង​មុន។

លោកស្រី កេត្យា វលក្ខណ៍ បាន​ថ្លែង​ថា​៖ «​យើង​គិត​ថា​មាន​​​ ១៦៤៦ ​ឃុំ​សង្កាត់​មាន​ស្រ្តី​ ៩០ ​​រូប​​ ឈរ​ នៅលំដាប់លេខរៀងទី​ ១​ គឺ​​មិន​មាន​​តុល្យភាព​​នឹង​បុរស​ទេ​ ប៉ុន្តែ​​បើ​យើង​ធៀប​នឹង​ឆ្នាំ​ ២០១២ យើង​​បាន​ធ្វើ​មួយ​ជំហានៗ ​​រហូត​ដល់​​ឥឡូវ​នេះ ​​យើង​ទទួល​បាន​បេក្ខភាព​ស្រ្តី ឈរក្នុងលេខរៀងទី​ ១ ​មានចំនួន ៩០ នាក់​»។ ​​

លោកស្រី​បាន​បន្ថែម​ថា​ ស្រ្តី​ ​​ ដែល​ឈរ​ជា​បេក្ខនារី​​មេឃុំ​ សង្កាត់ទាំង​នោះ​​ មិន​ត្រូវ​បាន​បង្ខំ​ឲ្យ​ឈរ​ឈ្មោះ​​​ទេ ប៉ុន្តែ​ពួកគេ​ស្ម័គ្រចិត្ត​ឈរ​ឈ្មោះ​ដោយ​ខ្លួនឯង​​។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​ថ្លែង​ថា ​វា​ជា​​​គោលដៅ​របស់​​គណបក្ស​​សង្គ្រោះជាតិ ​​ចង់​​ជំរុញ​​ និង​ផ្តល់​ឱកាស​​ដល់​ស្ត្រី​​ច្រើន​ជាង​មុន​ ឲ្យ​ចូលរួម​សកម្ម​ភាពក្នុង​ការ​ដឹកនាំ​ប្រទេស​ និង​សង្គម​​ ពី​ថ្នាក់​មូលដ្ឋាន​​រហូត​​​ដល់​ថ្នាក់​ជាតិ​។

លោក រង្ស៊ី ថ្លែង​ថា​៖ «​​នេះ​ជា​និមិត្តរូប​នៃ​ការ​ផ្តល់​តម្លៃ​ដល់​ស្រ្តី​យ៉ាង​ច្បាស់​ហើយ​នៅ​ក្នុង​បញ្ជី​បេក្ខជន​យើង​សង្ឃឹម​ថា​ នឹង​មាន​ស្រ្តី​ច្រើន​ជាប់​ឆ្នោត​ជា​មេឃុំ​ ចៅ​សង្កាត់​​ និង​ក្រុម​ប្រឹក្សា​​ឃុំ​ សង្កាត់​​ផង​ដែរ​ រហូត​ដល់​យ៉ាង​ហោច​ណាស់​​ ៥០០ នៅក្នុងតួនាទីជាមេឃុំ ចៅសង្កាត់​​ និង​​ជាសមាជិកក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ ។ ​

លោក សម រង្ស៊ី បាន​បន្ថែម​ថា​៖ «​​ខ្ញុំ​សូម​សរសើរ​បេក្ខនារី​ទាំងអស់​ ដែល​ហ៊ាន​​ឈរ​ឈ្មោះ​ [ជា​មេឃុំ​ ចៅ​សង្កាត់​] ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​​ ​ដើម្បី​ឲ្យ​ស្រ្តី​ទាំង​នោះ​ក្លាយ​ជា​មេដឹកនាំ​ក្នុង​សង្គម​របស់​យើង​»។​

លោកក៏សង្ឃឹមថាបេក្ខជនគណបក្សសង្គ្រោះជាតិជាស្ត្រីយ៉ាងតិច៥០០រូប នឹងត្រូវបានជ្រើសរើសជា មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ឬសមាជិកក្រុមប្រឹក្សាផងដែរ នៅក្នុងឃុំសង្កាត់ចំនួន ១៦៤៦ ទូទាំងប្រទេស សម្រាប់ការបោះឆ្នោតនៅក្នុងឆ្នាំនេះ ៕

ស្តាប់កម្មវិធីផ្សេងទៀត

ប្រធានបទ៖​ ស្រី និង ការងារ

  • ​ 2016-08-26


Listen 24h/1d
LIVE
RVA Khmer

ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ខែមិនា ឆ្នាំ២០១៧

តម្បាញ ហូលផាមួងខ្មែរ មានទីផ្សារតូចចង្អៀត



ថ្ងៃ​អង្គារ ទី១៤ ខែមិនា ឆ្នាំ២០១៧

គ្រោះថ្នាក់នៃគ្រឿងញៀន ចំពោះ យុវវ័យបច្ចុបន្បន្ន





Subscribe to our newsletter for good news, sent out every month.

អត្តបទពេញនិយម