ទំព័រដើម


កិច្ចប្រជុំបូកសរុបការងារ របស់គណកម្មការ សមាគមសិស្សចាស់ ដុនបូស្កូកម្ពុជា

  • 2017-02-24

ស្តាប់សម្លេង

ទាញយក

ប្រធាន អនុប្រធាន រួមនិងសមាជិក នៃគណៈកម្មការសមាគមសិស្សចាស់ដុនបូស្កូកម្ពុជា កាលពី រសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានរៀបចំកិច្ចប្រជុំបូកសរុបវាយតម្លៃ និងពិភាក្សាអំពីកម្មវិធី "រាត្រីជួបមិត្ត" ដែលសមាគមបានរៀបចំធ្វើឡើងកាលថ្ងៃទី០៤ កុម្ភៈ២០១៧ កន្លងទៅព្រមទាំងមានការ ពិភាក្សា អំពីគម្រោងការណ៍មួយចំនួនទៀត ដែលសមាគមគ្រោងរៀបចំសកម្មភាព ការងារនៅក្នុងខែ បន្តបន្ទាប់ទៀត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោកគង់ សម្បត្តិ ទីប្រឹក្សាកិត្តិយសរបស់សមាគម សិស្សចាស់ដុនបូស្កូកម្ពុជា លោកជៀម សុវណ្ណារិទ្ធិ ប្រធានសមាគម រួមជាមួយអនុប្រធាន និង សមាជិក នៃគណកម្មការសមាគមសិស្សចាស់ដុនបូស្កូប្រមាណជិតដប់នាក់ ។

មានប្រសាសន៍បើកកិច្ចប្រជុំនាឱកាសនោះលោកផូ វិត បានលើកឡើងថា ក្នុងរយៈពេលកន្លងមក សមាគមសិស្សចាស់យើងបានរៀបចំកម្មវិធីជាច្រើន ក្នុងគោលបំណងបង្រួបបង្រួមបងប្អូនរបស់យើង ដែលជាអតីតសិស្សចាស់ដុនបូស្កូ ឲ្យបានទទួលនូវឱកាសជួបជុំអតីតសិស្សរួមជំនាន់ សួរសុខទុក្ខគ្នា ចែករំលែកនូវបទពិសោធន៍រវាងគ្នានិងគ្នា ព្រមទាំងរំលឹកអនុស្សាវរីយ៍ចាស់ ខណៈដែលយើងម្នាក់ៗ ធ្លាប់បានរៀន និងទទួលបានបទពិសោធន៍ការងារល្អៗពីសាលាដុនបូស្កូ ។

លោកផូ វិត បន្តថា កិច្ចការមួយ ដែលសមាគមបានរៀបចំឡើង ហើយដែលមានការចាប់អារម្មណ៍ គួរ ឲ្យកត់សំគាល់នោះ គឺការរៀបចំពិធីជប់លៀងសម្រាប់សិស្សចាស់ទាំងអស់ គឺកម្មវិធីរាត្រីជួបមិត្ត ដែល សមាគមយើងបានរៀបចំកាលពីថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ កន្លងទៅ ។ បើតាមយើងពិនិត្យមើលទៅ ឃើញថា មានវត្តមាននៃការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អតីតសិស្សចាស់ មានន័យថា ច្រើន ហួសពីអ្វីដែលសមាគមរំពឹង និងបានគ្រោងទុក ។ ក្នុងនោះយើងក៏ពិនិត្យឃើញថា មានការខ្វះខាត មួយចំនួន ក្នុងការទទួលស្វាគមន៍នៅក្នុងកម្មវិធី ដូចជាការចុះឈ្មោះ និងវត្តមានសម្រាប់អ្នកចូលរួម ។ ការបោះពុម្ពអាវយឺត មានចំនួនតិចជាងចំនួនអ្នកដែលបានចូលរួម ជាដើម ។

ជាមួយគ្នានេះលោកគង់ សម្បត្តិ ទីប្រឹក្សាកិត្តិយសរបស់សមាគមសិស្សចាស់ដុនបូស្កូកម្ពុជា បាន មានប្រសាសន៍ថា កម្មវិធីជួបជុំសិស្សចាស់នាឱកាសនោះ លោកពិតជាមានអារម្មណ៍រំភើប ចំពោះ ការចូលរួមពីបងប្អូនយើង ដែលញាំងឲ្យកម្មវិធីនេះ មានភាពសប្បាយរីករាយផង និងជាការបង្ហាញ ឲ្យឃើញនូវការសាមគ្គីភាពរវាងអតីតសិស្សចាស់ទាំងអស់ ព្រមទាំងមានការសហការ គ្នាបានយ៉ាង ល្អផងដែរ បើទោះបីជាមានការខ្វះខាតមួយចំនួនក្តី ។

លោកជៀម សុវណ្ណារិទ្ធិ​ ប្រធានសមាគមសិស្សចាស់បានលើកឡើងថា កម្មវិធីនោះបានប្រព្រឹត្តិទៅ ដោយរលូន និងមានភាពសប្បាយរីករាយ ក្នុងន័យសាមគ្គីភាពរវាងសិស្សចាស់យើងទាំងអស់គ្នា ។ ជាមួយគ្នានេះដែរ លោកក៏បានទទួលនូវការស្នើរសុំជាច្រើន អំពីការរៀបចំកម្មវិធីដូចនេះនៅពេល ក្រោយៗទៀត សូមឲ្យមានការជូនដំណឹងទៅដល់អតីតសិស្សចាស់ទាំងអស់ឲ្យបានទូលំទូលាយ ។ មួយវិញទៀត គឺការកំណត់ពេលវេលានៃការរៀបចំកម្មវិធី រាត្រីជួបមិត្ត សម្រាប់ឆ្នាំនីមួយៗ ឲ្យបាន ជាក់លាក់ជាដើម ។

នៅចុងបញ្ចប់កម្មវិធីប្រជុំនេះ អង្គប្រជុំបានសម្រេចដូចតទៅ៖

១) គណកម្មការសមាគមសិស្សចាស់ដុនបូស្កូកម្ពុជា សម្រេចកំណត់យកថ្ងៃសៅរ៍ នៃអាទិត្យ ទី១ រៀងរាល់ខែកុម្ភៈ នៃឆ្នាំនីមួយៗ (ឧទាហរណ៍៖ កម្មវិធី រាត្រីជួបមិត្ត សម្រាប់ឆ្នាំក្រោយ​ឆ្នាំ២០១៨ គឺថ្ងៃ សៅរ៍ ទី០៣ ខែកុម្ភៈ ) ដើម្បីជាពេលវេលាប្រារព្វកម្មវិធីជប់លៀង រាត្រីជួបមិត្ត សម្រាប់ការជួបជុំធំ ប្រចាំឆ្នាំរបស់អតីតសិស្សចាស់ដុនបូស្កូពីគ្រប់ទីកន្លែង គ្រប់ជំនាន់ និងគ្រប់ផ្នែកជំនាញទាំងប្រុស ទាំងស្រី ។

២) រៀបចំ និងផ្តល់សេចក្តីដំណឹងអំពីកម្មវិធីជំនួបប្រចាំឆ្នាំរបស់សមាគមសិស្សចាស់ដុនបូស្កូកម្ពុជា ទៅតាមបណ្តាញសិស្សចាស់ទាំងអស់នៅគ្រប់ទីកន្លែង ដើម្បីបានជ្រាបនិងអញ្ជើញចូលរួម ។

៣) ពង្រឹង និងពង្រីកការស្វែងរកមូលនិធិសម្រាប់ទ្រទ្រង់សមាគមសិស្សចាស់ និងស្វែងរកដៃគូ សហការ ដូចជាការផ្សព្វផ្សាយពាណិជ្ជកម្ម ការណែនាំគម្រោងអាជីវកម្ម ឬការចែករំលែកឱកាស ការងារ សម្រាប់សិស្សដុនបូស្កូទាំងចាស់ទាំងថ្មី ពីបណ្តាក្រុមហ៊ុនឯកជនមួយចំនួន ដើម្បីជួយឧបត្ថម្ភ សម្រាប់កម្មវិធី រាត្រីជួបមិត្ត ប្រចាំឆ្នាំ ។

៤) សមាគមសិស្សចាស់ដុនបូស្កូកម្ពុជា និងធ្វើការបោះពុម្ពអាវយឺតឲ្យបានច្រើនជាងមុន សម្រាប់ ធ្វើការលក់ជូនដល់អតីតសិស្សចាស់ទាំងអស់ នៅក្នុងកម្មវិធីជំនួបធំប្រចាំឆ្នាំនោះដែរ ។

៥) សម្រាប់គម្រោងសកម្មភាពរបស់សមាគមសិស្សនៅខែខាងមុខ គឺនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ប្រធាន អនុប្រធាន និងសមាជិកគណកម្មការសមាគមសិស្សចាស់ គ្រោងចូលរួមចែករំលែក បទពិសោធន៍ អំពីសកម្មភាពរបស់សមាគមយើង ដល់បងប្អូនដែលជាសិស្សនៅសាលាដុនបូស្កូ ព្រះសីហនុ ។

៦)  សម្រាប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ ខាងមុខវិញ ប្រធាន អនុប្រធាន និងសមាជិកគណកម្មការ សមាគមសិស្សចាស់ គ្រោងចូលរួមចែករំលែកបទពិសោធន៍ អំពីសកម្មភាពរបស់សមាគមយើង ដល់ បងប្អូនដែលជាសិស្សនៅសាលាដុនបូស្កូប៉ោយប៉ែត និងបាត់ដំបង ។

ពីខ្ញុំបាទឡុង សម្ផស្ស ធ្វើសេចក្តីរាយការណ៍ពីព្រះសហគមន៍កាតូលិក

ស្តាប់កម្មវិធីផ្សេងទៀត

ប្រធានបទ៖​ ស្រី និង ការងារ

  • ​ 2016-08-26


Listen 24h/1d
LIVE
RVA Khmer

ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ខែមិនា ឆ្នាំ២០១៧

តម្បាញ ហូលផាមួងខ្មែរ មានទីផ្សារតូចចង្អៀត



ថ្ងៃ​អង្គារ ទី១៤ ខែមិនា ឆ្នាំ២០១៧

គ្រោះថ្នាក់នៃគ្រឿងញៀន ចំពោះ យុវវ័យបច្ចុបន្បន្ន





Subscribe to our newsletter for good news, sent out every month.

អត្តបទពេញនិយម