ទំព័រដើម


អង្គការសាមគ្គីធម៌ម៉ារីស្តជាក្តីសង្ឃឹមរបស់ជនពិការកាយសម្បទាន

  • ថ្ងៃ​ពុធ ទី១១ ខែមករា ឆ្នាំ២០១៧

នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ លោកអភិបាលអូលីវីយេ បានចុះទៅសួរសុខទុក្ខ ដល់ថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូ និងបងប្អូនជនពិការដែលជាសិស្សនិស្សិតរបស់អង្គការសាមគ្តីធម៌ម៉ារីស្តកម្ពុជាប្រមាណជាង២០០នាក់ ស្ថិតនៅក្នុងភូមិ ព្រែករាំង សង្កាត់កំពង់សំណាញ់  ក្រុងតាខ្មៅ ខេត្តកណ្តាល។ 

ថ្លែងនៅក្នុងពិធីសំណេះសំណាលនាឱកាសនោះ លោក អូលីវីយេ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ មានប្រសាសថា អង្គការសាមគ្គីធម៌ម៉ារីស្តជាក្តីសង្ឃឹមរបស់ជនពិការកាយសម្បទាន ដូច្នេះនៅក្នុងសាលាឡាវ៉ាឡានេះ កុំឲ្យយើងធ្វើជាមនុស្សដែលមានចិត្តលោភលន់ ប៉ុន្តែឲ្យយើងគិតអំពីជីវិតរបស់យើង ដោយដឹងថាជីវិតរបស់យើងមានសមត្ថភាពខ្ពស់ណាស់ មានកម្លាំងខ្លាំងណាស់ តែសមត្ថភាពនិងកម្លាំងនេះ គឺមកពីយើងនិងមកពីបងប្អូនឯទៀតៗ ដោយយើងដឹងថាយើងអាចទីពឹងលើគ្នាទៅវិញទៅមក។ លោកអភិបាលក៏បានបន្ថែមទៀតថា យើងជាមនុស្សដែលមានសិទ្ធិសេរីភាព ឲ្យយើងធ្វើយ៉ាងណា ឲ្យជីវិតរបស់យើងទៅជាជីវិតដែលណែនាំឲ្យអ្នកដទៃមានសុភមង្គល និងសេចក្តីសុខសាន្ត។ យើងរួមកម្លាំងគ្នា ដើម្បីឲ្យពិភពលោករបស់យើង ទៅជាពិភពមួយប្រកបដោយសេចក្តីស្រឡាញ់ និងដោយចិត្តមេត្តាករុណា។ លោកក៏បានជូនពរ ដល់បងប្អូនជនពិការទាំងអស់ថា សូមឲ្យសុបិន្តដែលមាន ទៅជាសេចក្តីពិតនៅថ្ងៃអនាគត ដោយយកចិត្តទុកដាក់រៀនសូត្រ យកចិត្តទុកដាក់បង្កើតទំនាក់ទំនងល្អរវាងគ្នានឹងគ្នាពីពេលនេះតទៅ។

លោកស្រី អ៊ុំ ស្រីណាន ជានាយកាសាលាឡាវ៉ាឡា បានឲ្យដឹងថា អង្គការសាមគ្គីធម៌ម៉ារីស្តកម្ពុជាផ្តោតសំខាន់គឺជួយដល់ជនពិការកាយសម្បទានមកទូទាំងប្រទេសកម្ពុជា សព្វថ្ងៃមានកម្មវិធីពីរសំខាន់ៗ គឺទីមួយសាលាបឋមសិក្សាឡាវ៉ាឡា ដែលមានសិស្សកំពុងសិក្សា មានចំនួន១០៣នាក់(ស្រី៣៨នាក់) និងមានបុគ្គលិកសិក្សាចំនួន៤៨នាក់ ទីពីរ ភូមិគ្រឹះនាងម៉ារី ជាមណ្ឌលស្នាក់នៅរបស់សិស្សនិស្សិត ពីថ្នាក់មធ្យមសិក្សារហូតដល់ឧត្តមសិក្សា ដែលមានសិស្សនិស្សិតកំពុងស្នាក់នៅចំនួន ៩១នាក់។ លោកស្រីបន្ថែមថា វត្តមានរបស់លោកអភិបាលអូលីវីយេ នៅថ្ងៃនេះ ពិតជាបានធ្វើឲ្យអង្គការសាមគ្គីធម៌ម៉ារីស្តទាំងមូលមានភាពកក់ក្តៅ ពីព្រោះលោកបានលើកទឹកចិត្ត និងផ្តល់នូវអនុសាសន៍ល្អៗជាច្រើនដល់បងប្អូនជនពិការយើងខ្ញុំ ឲ្យខិតខំតស៊ូទៅមុខទៀត ដើម្បីឲ្យក្តីសង្ឃឹមរបស់ពួកយើងបានសម្រេចនាពេលអនាគត។

គួបញ្ជាក់ផងដែរថា អង្គការសាមគ្គីធម៌ម៉ារី បង្កើតឡើងដោយក្រុមគ្រួសារបងប្រុស ម៉ារីស្ត តាំងពីឆ្នាំ១៩៩៨ ដែលមានបងប្រុសជនជាតិអូស្ត្រាលីម្នាក់ឈ្មោះ ហៀនរីច ធារី ជាអ្នកដឹកនាំ។ រហូតមកដល់បច្ចុប្បន្នអង្គការនេះ បានជួយជនពិការកាយសម្បទាន បានជាង៥០០០នាក់ មកហើយ ឲ្យទទួលបានការសិក្សាចំណេះជំនាញផ្សេងៗ ដើម្បីកសាងអនាគតរបស់ពួកគេ។



Listen 24h/1d
LIVE
RVA Khmer

ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ខែមិនា ឆ្នាំ២០១៧

តម្បាញ ហូលផាមួងខ្មែរ មានទីផ្សារតូចចង្អៀត



ថ្ងៃ​អង្គារ ទី១៤ ខែមិនា ឆ្នាំ២០១៧

គ្រោះថ្នាក់នៃគ្រឿងញៀន ចំពោះ យុវវ័យបច្ចុបន្បន្ន





Subscribe to our newsletter for good news, sent out every month.

អត្តបទពេញនិយម