ទំព័រដើម


លោកអូលីវីយេ ជំរុញឲ្យសាសនិកទាំងអស់រួមគ្នាកសាងសន្តិភាព

  • ថ្ងៃ​សុក្រ ទី៣០ ខែធ្នូរ ឆ្នាំ២០១៦

លោកអូលីវីយេ ជាអភិបាលព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ នៅក្នុងជំនួបតំណាងសាសនានានា ក្នុងខេត្តតាកែវ បានជំរុញឲ្យទាំងអស់គ្នា រួមគ្នាដើម្បីកាសាងសន្តិភាព លោកថា៖ “សុខសន្តិភាពសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព”។ យើងម្នាក់ៗសង្ឃឹមថាយើងមានសេចក្តីសុខ សន្តិភាពក្នុងចិត្ត សម្រាប់ម្នាក់ៗ។ ជាងនេះទៅទៀតគឺ “ទាំងអស់គ្នា ដើម្បីសន្តិភាព” មានន័យថា សន្តិភាពកើតឡើង លុះត្រាតែទាំងអស់គ្នា ចូលរួមយ៉ាងសកម្ម។ សាសនាមានតួនាទីចូលរួមក្នុងការកសាងសន្តិភាព ទាំងអស់គ្នា។ មិនខ្វះទេហឹង្សាក្នុងពិភពលោកនេះ ហេតុនេះសាសនាមានតួនាទី  អប់រំផ្លូវចិត្ត កសាងសីលធម៌ និង កសាងអនាគតដ៏ភ្លឺស្វាង ដែលចេះសហការគ្នា និងជួយគ្នាទៅវិញទៅមក។ ក្នុងពិភពលោកការបែកបាក់និងឈ្លោះគ្នាគឺបណ្តាលមកពីសាសនា។ ហេតុនេះមេដឹកនាសាសនាទំាងអស់ត្រូវរួមគ្នាកសាង សុខដុមរមនាឲ្យបាន។

លោកអភិបាលក៏បានមានប្រសាសន៍ថា ក្នុងឆ្នាំខាងសូមឲ្យមេដឹកនាំសាសនាទាំងអស់យកចិត្តទុកដាក់នឹងក្រុមគ្រួសារ “បើគ្រួសារសុខសាន្តនាំឲ្យសង្គមសុខសាន្ត”។

ពិធីជួបជុំអន្តរសាសនានេះបានធ្វើឡើងនៅទីស្នាក់ការព្រះសហគមន៍កាតូលិកខេត្តតាកែវ កាលពីថ្ងៃទី២៦ខែធ្នូកន្លងទៅ ដែលមានការចូលរួមពីសំណាក់ តាជី យាយជី ពុទ្ធបរិស័ទ ឥស្លាម និងគ្រីស្តបរិស័ទយ៉ាងច្រើនកុះករ។

លោក គាំ ដាំផេង អនុប្រធានមន្ទីធម្មការ និងសាសនាខេត្តតាកែវ បានចាប់អារម្មណ៍ និងលើកទឹកចិត្ត ឲ្យសាសនាទាំងអស់ រួមគ្នា ប្រកបដោយ សុខដុមបំផុត ដើម្បីភាពរីកចម្រើន និងសន្តិភាព។ លោកក៏បានអំពាវឲ្យសាសនាទាំងអស់ ខិតខំបន្ត អប់រំអំពីសុជីវធម៌ សីលធម៌រស់នៅល្អ និងលប់បំបាត់អំពើហឹង្សាក្នុងគ្រួសារ។ លោកក៏សូមឲ្យសាសនាទាំងអស់ចូលរួមជួយពេលមានគ្រោះមហន្តរាយធម្មជាតិ ជួយកុមារកំព្រា កុមារងាយរងគ្រោះ ។ អប់រំអំពីការផលប៉ះពាល់នៃប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន ល្បែងស៊ីសង គ្រប់ប្រភេទ លប់បំបាត់អំពើអនាចារ្យផ្សេងៗ។ ជំរុញឲ្យការសាងសង ព្រះវិហារនានា ត្រូវមានប្លង់ មានបរិស្ថានល្អ គិតអំពី វប្បធម៌ប្រពៃណីខ្មែរជាដើម។ល។

ការជួបជុំជាលក្ខណៈអន្តរសាសនានៅក្នុងខេត្តតាកែវ ដែលរៀបចំដោយព្រះសហគមន៍កាតូលិក បានប្រព្រឹត្តរយៈពេល៤ ដងរួចមកហើយ នៅក្នុងឱកាសអបអរសាទរបុណ្យព្រះយេស៊ូប្រសូត។ ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានខិតខំយ៉ាងខ្លាំង ក្នុងការបង្កើតកិច្ចសន្ទនា អន្តរសាសនា ដើម្បីបញ្ជៀសឲ្យបាននូវការយល់ច្រលំគ្នា។ កម្មវិធីនេះមិនត្រឹមតែធ្វើឡើងក្នុងខេត្តតាកែវប៉ុណ្ណោះគឺនឹងមាន នៅរៀបចំនៅខេត្តព្រះសីហនុ កំពត និងថ្នាក់ជាតិផងដែរ។   

ក្នងជំនួបនេះតំណាងមេដឹកនាំសាសនា ព្រះពុទ្ធសាសនា ក្រុមជំនុំ និងឥស្លាមសាសនា បានសាទរយ៉ាងខ្លាំង និងគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពដែលបានធ្វើ។ 

ពិធីបានបញ្ចប់ដោយមានអាហារសាមគ្គី និងមានចង្ហាន់សម្រាប់ព្រះសង្ឃផងដែរ ក្នុងបរិយាកាសរីករាយបំផុត។



Listen 24h/1d
LIVE
RVA Khmer

ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ខែមិនា ឆ្នាំ២០១៧

តម្បាញ ហូលផាមួងខ្មែរ មានទីផ្សារតូចចង្អៀត



ថ្ងៃ​អង្គារ ទី១៤ ខែមិនា ឆ្នាំ២០១៧

គ្រោះថ្នាក់នៃគ្រឿងញៀន ចំពោះ យុវវ័យបច្ចុបន្បន្ន





Subscribe to our newsletter for good news, sent out every month.

អត្តបទពេញនិយម