ទំព័រដើម


លោកបូជាចារ្យ និងឧបដ្ឋាក កាតូលិកជាតិកម្ពុជាជួបគ្នានៅភ្នំពេញថ្មី

  • ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០១៦

លោកបូជាចារ្យ និងឧបដ្ឋាក កាតូលិក ជាតិកម្ពុជា ចំនួន ៩បានជួបជុំគ្នារយៈពេល ៣ថ្ងៃ ក្នុងពិធីសំណាក់ធម៌តាមបែបព្រះសហគមន៍កាតូលិក នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី  ។  បើតាមប្រសាសន៍លោកបូជាចារ្យ សិលា ទម្លាប់ សុផល ការជួបជុំគ្នានេះ ជាសញ្ញាល្អមួយ សម្រាប់បូជាចារ្យជាតិកម្ពុជា ក្នុងការជួបគ្នា ចែកបទពិសោធន៍ជាមួយគ្នា ស្គាល់គ្នាកាន់តែស៊ីជម្រៅថែមទៀត លើកិច្ចបម្រើព្រះសហគមន៍កាតូលិកតាមកន្លែងនីមួយ។ លោកបន្តថា “នេះជាពេលវេលាផងដែរសម្រាប់បូជាចរ្យខ្មែរ រិះគិតថា តើត្រូវបម្រើ និងកសាងព្រះសហគមន៍កាតូលិកនៅកម្ពុជា យ៉ាងដូចម្តេច”។ 

អាចនិយាយបានថា នេះជាលើកទីមួយ ដែលលោកបូជាចារ្យ ខ្មែរទាំងអស់បានជុំគ្នាទាំង៩នាក់ ។ អស់បម្រើនៅភូមិភាគ ផ្សេងៗគ្នា គឺ ៣នាក់នៅព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង មានដូចជា លោកបូជាចារ្យ សិលា ទម្លាប់ សុផល លោកបូជាចារ្យ ដូមីនីក ង៉ែត វិន័យ និង  យ៉ូសែប មួង រស់។  នៅព្រះសហគមន៍កាតូលិកភូមិភាគ ភ្នំពេញ  មាន៣នាក់ គឺ លោកបូជាចារ្យ យ៉ូហាន អ៊ុន សុន លោកបូជាចារ្យ សិលា សួន ហង្ស លី និងលោកបូជាចារ្យ សិលា សុខ ណា។ ចំណែក៣នាក់ទៀតបម្រើនៅព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម មានដូចជា លោកបូជាចារ្យ ឡាយ ប៉ូល លោកបូជាចារ្យ យ៉ូហានម៉ារីវីយ៉ាណែរ  ផាន បូរី និង លោកឧបដ្ឋាក ស្តេផាន សែ សាត ដែលនឹងតែងតាំង ជាបូជាចារ្យនៅក្នុងខែវិច្ឆិកា នេះ។  

តាមការពិភាក្សា ក្រុមលោកបូជាចារ្យ នឹងបន្តជួបគ្នា៤ដង  ក្នុងមួយឆ្នាំ រួមទាំងសំណាក់ ធម៌ប្រចាំឆ្នាំ។ សូមបញ្ជាក់ថាការជួបជុំនេះ នឹងមិនរាប់បញ្ចូលការសំណាក់ធម៌ ប្រចាំឆ្នាំរបស់បូជាចារ្យទាំងបីភូមិភាគនៅប្រទេសកម្ពុជានោះទេ។ ព្រះសហគមន៍កាតូលិកនៅកម្ពុជាបានកើតឡើងតាំងពីឆ្នាំ១៥៥៥ ហើយបានឆ្លងកាត់រាល់ព្រឹត្តការណ៍ប្រវត្តិសាស្ត្រនានារបស់ប្រទេសកម្ពុជា ទាំងអំណរសប្បាយ និង ទុក្ខលំបាក។ ក្នុងសម័យអាវខ្មៅប៉ូលពត ព្រះសហគមន៍កាតូលិកត្រូវបានបំផ្លាញទាំងស្រុង អាគារ និងធន់ធានមនុស្ស លោក អភិបាល លោកបូជាចារ្យ បព្វជិត បព្វជីតា និង គ្រីស្តបរិស័ទជាតិកម្ពុជាជាច្រើនត្រូវបានសម្លាប់ និងស្លាប់ដោយសារជំនឿ និងការអត់ឃ្លាន។  

ព្រះសហគមន៍ដ៏តូចនេះ ទោះបីបាត់អស់សំណងអាគារ តែជំនឿក្នុងចំណោមគ្រីស្តបរិស័ទកាតូលិកកម្ពុជានៅតែមាន។ គ្រីស្តបរិស័ទគឺជាថ្មដែលមានជីវិតក្នុងការកសាងព្រះសហគមន៍ឲ្យរឹងមាំ។  នៅដើមទស្សវត្ស ១៩៩០  ព្រះសហគមន៍កាតូលិកបានទទួល ការអនុញាត  ពីរដ្ឋអំណាចឡើង វិញ ក្នុងការអនុវត្តន៍ជំនឿដោយចំហរ និងចេញមុខបាន។ 

ក្នុងរយៈពេលជាង២០ឆ្នាំនេះ ព្រះសហគមន៍កាតូលិកបានរីកចម្រើនជាលំដាប់ និងបានចូលរួមយ៉ាងសកម្មក្នុងការអភិឌ្ឍសង្គមកម្ពុជា។ ចំពោះការត្រាស់ហៅជាបូជាចារ្យ ជាបព្វជិត បព្វជិតា ក៏មានយុវជនចូលរួមជានិច្ច ទោះបីជាមានចំនួនតិចនៅឡើយ។ 

គ្រីស្តបរិស័ទកាតូលិកនៅកម្ពុជាមានប្រមាណជាង ពីរម៉ឺននាក់ (២០០០០នាក់) មានបូជាចារ្យ និងបព្វជិត ចំនួនប្រមាណចិតសិបនាក់ (៧០នាក់) ក្នុងនោះបូជាចារ្យ និងឧបដ្ឋាកជាតិកម្ពុជាមានចំនួន ៩ ក្រៅពីនោះ គឺជាសាសនទូតមកពីក្រៅប្រទេស។  ចំណែកបព្វជិតា ចំនួនប្រមាណ ជា១០០នាក់ ជាតិកម្ពុជាមានចំនួនតិចតួចបំផុត។ យុវជនកំពុងរៀនអំពីជីវិតជាបូជាចារ្យ នៅទេវវិទ្យាល័យកម្ពុជាមានចំនួនជិត១០នាក់។  


រូបថតផ្សេងទៀត...




Listen 24h/1d
LIVE
RVA Khmer

ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ខែមិនា ឆ្នាំ២០១៧

តម្បាញ ហូលផាមួងខ្មែរ មានទីផ្សារតូចចង្អៀត



ថ្ងៃ​អង្គារ ទី១៤ ខែមិនា ឆ្នាំ២០១៧

គ្រោះថ្នាក់នៃគ្រឿងញៀន ចំពោះ យុវវ័យបច្ចុបន្បន្ន





Subscribe to our newsletter for good news, sent out every month.

អត្តបទពេញនិយម